សុភាសិត តក់ៗពេញបំពង់ សំណេរតែងសេចក្តីបែបពន្យល់ - News Baray

សុភាសិត តក់ៗពេញបំពង់ សំណេរតែងសេចក្តីបែបពន្យល់

ចែករំលែកចំណេះដឹង

 សុភាសិត តក់ៗពេញបំពង់ សំណេរតែងសេចក្តីបែបពន្យល់

សេចក្តីអត្ថាធិប្បាយ

គ្រប់ការងារទាំងអស់អស់ មិនថាតូចក្ដីដី ធំក្ដី​ គឺ​សុទ្ធ​សឹង​តែ​ឈរ​នៅ​លើ​ជំហ​មួយ​ដ៏​ច្បាស់​លាស់​ គឺ​ខិត​តស៊ូ​អំណត់​ព្យាយាម​បន្តិចម្ដងៗ ដោយ​មិន​ព្រម​បោះបង់​ចោល​នូវ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​នោះ​ឡើយ​ ទី​បំផុត​ក៏​ទទួល​បាន​ជោគជ័យ​ដូច​សេចក្ដី​ប្រាថ្នា​។​ ដោយ​មើល​ឃើញ​ទិដ្ឋភាព​បែប​នេះ​ ទើប​ដូនតា​ខ្មែរ​លើក​ជាសុភាសិត​មួយ​ឡើង​ទុក​ជា​ការ​ទូន្មាន​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​យ៉ាង​ដូច្នេះ​ថា "តក់ៗពេញបំពង់"។


តើសុភាសិតនេះបង្កប់នូវឧត្ដមគតិនិងខ្លឹមសារយ៉ាងដូចម្ដេចខ្លះ?


ដើម្បីងាយស្រួលក្នុងបកស្រាយសុភាសិតខសិត​ខាង​លើ​ឲ្យ​បាន​កាន់​តែ​ក្បោះ​ក្បាយ​នោះ ជា​បឋម​គួរ​គប្បី​យល់​នូវ​ពាក្យ​គន្លឹះ​មួយ​ចំនួន​ជា​មុន​សិន​ ដូចជា "បំពង់" និង​ "តក់ៗ!" ជាដើម​។ ពាក្យ​ "បំពង់" សំដៅ​លើ​ប្រដាប់​សម្រាប់​ច្រក​ទឹក​ អាច​ធ្វើ​អំពី​ឫស្សី​ឬ​ជ័រ សម្រាប់​ច្រក​ទឹក​ ជាពិសេស​ទឹក​ត្នោត​តែ​ម្ដង​ រី​ឯ "តក់ៗ" មាន​ន័យ​ថា សូរ​សំឡេង​ស្រក់​នៃ​ទឹក​។ តាម​រយៈ​សុភាសិត​ទាំង​មូល​ គេ​អាច​មើល​ន័យ​ត្រង់​ចង់​សំដៅ​ដល់​តំណក់​ទឹក​ត្នោត​មូយ​តក់​ៗ​បាន​ក្លាយ​ជា​ទឹក​ត្នោត​មួយ​បំពង់​ដ៏​ពេញ​ ប្រៀប​ដូចជា​ការ​តស៊ូ​បន្តិច​ម្ដង​ៗ​ ទី​បំផុត​ក៏​សម្រេច​ដូច​បំណង​ប្រាថ្នា​។​


ជាការពិតណាស់ អ្នក​ជោគជ័យ​មិន​ដែល​បោះបង់​ អ្នក​បោះ​បង់​មិន​ដែល​ជោគ​ជ័យ​ គ្រប់​កាងារ​ទាំង​អស់​តែង​តែ​មាន​ឧបសគ្គ​ជានិច្ច​ អ្វី​ដែល​សំខាន់​នោះ​គឺ​ចេះ​អត់ទ្រាំ​ ស៊ូ​ហត់​នឿយ​ ស៊ូ​លំបាក​ តែ​មិន​មែន​មាន​ន័យ​ថា​គេច​ពី​ការងារនោះ​ឡើយ​ គឺ​ត្រូវ​តែធ្វើ​ជានិច្ច​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ​។ ជាក់​ស្ដែង​ គេ​ឃើញ​សិស្ស​នៅ​ក្នុង​ថ្នាក់​រៀន​ មាន​ចំនួន​ ម្ភៃ ទៅ​ សាមសិប នាក់​ ប៉ុន្តែ​សិស្ស​ដែល​ទទួល​ជោគ​ជ័យ​គឺ​មាន​ចំនួន​តិច​តួច​បំផុត​ រី​ឯ​ភាគច្រើន​គឺ​បង្គួរ មធ្យម​ ខ្សោយ​ ដែល​ពិបាក​ក្នុង​ការ​ប្រជែង​ជាមួយ​ដៃ​គូ​ខ្លាំង​ៗ​ជុំវិញ​ខ្លួន​។ សិស្ស​ដែល​ពូកែ​ គឺ​គេ​ខិតខំ​តាំង​ពី​ដើម​ទី​ សន្សំ​រាល់​ចំណេះ​ដឹង​ដែល​ខ្លួន​បាន​រៀន​ពី​គ្រូ​ ពី​មិត្ត​ភក្តិ​ ពី​សាច់ញាតិ​ និង​ពី​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​។ អ្វី​ទាំង​នេះ​គេ​បាន​ក្រេប​ជញ្ជក់​ដោយ​យក​ចិត្ត​ទុកដាក់​បំផុត​ ដោយ​មិន​ភ្លើតភ្លើន​នឹង​ល្បែង​ស្រី​ស្រា​នោះ​ឡើយ​។ មនុស្ស​ដែល​កើត​មក​មិន​ដែល​ទទួល​បានជោគ​ជ័យ​ភ្លាម​ៗ​ទេ​ រី​ឯ​សិស្ស​ក៏ដូច​គ្នា​សុទ្ធសឹង​តែ​ពឹង​លើ​ការ​ចេះ​ព្យាយាម​នេះ​ឯង​។


ក្រៅពីនេះ​ គេ​សង្កេត​ឃើញ​អ្នក​មា​ន ឬ​មហា​សេដ្ឋី​ជាច្រើន​អាច​ជោគ​ជ័យ​ទៅ​បាន​ដោយ​សារ​តែ​ពួកគេ​ មិន​ព្រម​ចុះ​ចាញ់​ឧបសគ្គ​ដែល​នៅ​ចំពោះ​មុខ​ គេ​បាន​បុក​ទម្លុះ​ដោយ​ភាព​អំណត់​ដ៏​មុត​ស្រួច​របស់​ខ្លួន​ ជាក់​ស្ដែង​ដូចជា​ លោក ប៊ីល​ ហ្កេត​ លោក ជែក​ ម៉ា​ លោក​ ស្ទីវ ចបស៍​ អាច​សម្ថេច​នូវ​សមទ្ធិផល​បាន​ដោយ​ពួក​គាត់​ច្នៃប្រឌិត​ និង​ធ្លាប់​ឆ្លងកាត់​នូវ​បរាជ័យ​ម្ដងហើយ​ម្ដងទៀត​ ទី​បំផុត​ការ​តស៊ូ​របស់​គាត់​ក៏​ទទួល​បាន​លទ្ធផល​គួរ​ជាទី​ពេញ​ចិត្ត និង​ធ្វើ​មនុស្ស​ជុំវិញ​ពិភព​លោក​មាន​ការ​កើត​សើរសេរ​មិន​ដាច់​ពី​មាត់ និង​គួរ​ឲ្យ​យក​តម្រាប់​តាម​។

ជាការ​ពិត​ណាស់ បើ​គេ​ងាក​មើល​អក្សរសិល្ប៍​ខ្មែរ​ គឺ​រឹត​តែ​ច្បាស់​ថែម​ទៀត​។ តួយ៉ាង​នៅ​ក្នុង​ កុលាប​ប៉ៃ​លិន​ ដែល​ជា​ស្នាដៃ​និពន្ធ​របស់​ ញ៉ូក​ ថែម​ បាន​ឆ្លុះ​តាមរយៈ​សកម្មភាព​របស់តួអង្គ​ចៅចិត្រ ដែល​មាន​ឋានៈ​ត្រឹម​តែ​ជា​កម្មករ​ជីក​ត្បូង​ ប៉ុន្តែ​ចៅចិត្រ​ ពុំ​ដែល​ស្អប់​ការងារ​ឡើយ​ ទោះ​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ដ៏​ក្ដៅ​យ៉ាង​ណាក្ដី​ ចៅចិត្រ ហ៊ានលះបង់កម្លាំងពលំដើម្បីធ្វើការងារ​យ៉ាង​អស់​ពី​ចិត្ត​ពី​ថ្លើម​និង​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត​។ ជាង​នេះ​ទៅ​ទៀត ចៅ​ចិត្ត​ថែម​ទាំង​លួច​ស្រឡាញ់​នាង​ ឃុន នារី​ ឌែល​កូន​ចៅ​ហ្វាយ​របស់​ខ្លួន​ទៀត​ផង​ ក្ដី​បំណង់​របស់​ចៅ​ចិត្រ​ពុំ​បាន​រលាយ​ទេ​។ ទី​បំផុត ចៅ​ចិត្រ​ក៏​សម្រេច​បាន​ទាំង​ការងារ​ និង​ជោគជ័យ​ទាំង​រឿង​ស្នេហា​។ ទាំង​នេះ​ក៏​សុទ្ធ​តែ​កើត​ចេញ​ពី​ការ​អត់ធ្មត់​ និង​ចេះ​ពី​របៀប​ធ្វើ​ការ​សន្លឹម​ៗ​តាម​ដំណាក់​ដំបូង​រហូត​ដល់​ដំណាក់​ចុង​ក្រោយ​ ដែល​ធ្វើ​ឲ្យ​លោក​ហ្លួង​រតនសម្បត្តិ និង​នាង​ឃុន​ នារី ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ ។


យោងតាមការបកស្រាយខាងលើ បានបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា រាល់​កិច្ច​ការ​ ឬ​ផែន​ការ​អ្វី​ក៏​ដោយ​ ត្រូវ​ធ្វើ​ទៅ​តាម​ដំណាក់​​ដំបូង​បំផុត​ សន្លឹម​ មិន​ប្រញាប់​ពេក​ ទើប​ទទួលផ្លែផ្កា​គួរ​ជា​ទី​ជាប់​ចិត្ត​។


តាមរយៈការពន្យល់ដ៏ក្បោះក្បាយខាងលើ​ខាង​លើ​នេះ​ គេ​អាច​សន្និដ្ឋាន​បានថា សុភាសិត​នេះ​ពិតជា​ឲ្យបង្កប់​នូវ​តម្លៃ​អប់​រំ​យ៉ាង​ច្រើន​ ដែល​បណ្ដុះ​ឲ្យ​មនុស្ស​គ្រប់​រូប​ចេះ​ប្រុង​ប្រយ័ត្ន​ និង​ចេះ​អត់ធ្មត់​។ ក្នុង​នាម​ជា​អ្នក​សិក្សា​ ក៏​ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​មូល​ គួរ​គប្បី​ចេះ​ប្រឹង​ប្រែង​រៀន​សូត្រ​ និង​ចេះ​ធ្វើ​ការងារ​ដោយ​ការ​តាំង​ចិត្ត​ខ្ពស់​ នោះ​នឹង​មិន​មាន​វិប្បដិសារី​ក្នុង​ជីវិត​ឡើយ​។