ក្បាច់គុន​ល្បុក្កតោ ត្រូវបាន​ចាត់ទុកជា​មេ​ក្បាច់គុន​នៃ​សិល្បៈ​គុណ​ខ្មែរ​ - News Baray

ក្បាច់គុន​ល្បុក្កតោ ត្រូវបាន​ចាត់ទុកជា​មេ​ក្បាច់គុន​នៃ​សិល្បៈ​គុណ​ខ្មែរ​

ចែករំលែកចំណេះដឹង
គុន​ល្បុក្កតោ ត្រូវបាន​អះអាងថា​ជា​ក្បាច់គុណ ដែលមាន​អាយុកាល​ចំណាស់​ជាងគេ​ក្នុងចំណោម​ក្បាច់គុន​បុរាណ​ខ្មែរ​នានា​។ ភាពចំណាស់ និង​ភាព​ខ្លាំងក្លា​នៃ​ក្បាច់​គុ​ន​នេះ បានធ្វើ​ឲ្យ​ចាស់ទុំ​ខ្មែរ​ចាត់ទុក​គុន​ល្បុក្កតោ​ជា​ព្រលឹង​ជាតិ និង​តំណាង​ឲ្យ​វប្បធម៌​ជាតិ​ផងដែរ​។ យោងតាម​ឯកសារ ដែល​បាន​ដកស្រង់​ចេញពី​សៀវភៅ គុន​ល្បុក្កតោ ថ្នាក់​ក្រមា ស បាន​ឲ្យ​ដឹងថា គឺ​បន្សំ​ពាក្យ ល្បុ​ក្ក បូក​នឹង តោ ល្បុ​ក មានន័យថា បុក វាយ​រុញ ឬ​ដាល់​។ តោ មានន័យថា សត្វ​តោ មហា​កម្លាំង ឬ​មហា​ថាមពល​។ គុន​ល្បុក្កតោ គឺជា​ក្បាច់គុន​មហា​កម្លាំង​ប្រើប្រាស់​នៅក្នុង​ចម្បាំង​ប្រ​ឈាង​ស​ត្រូ​ឈ្លានពាន ដើម្បី​ការពារ​ប្រទេស ការពារ​ប្រាសាទ ការពារ​គ្រួសារ ការពារ​ស្រុកភូមិ ព្រម​ទាង​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ទ្រព្យសម្បត្តិ ទប់ទល់​នឹង​សត្វ​សាហាវ​។​ល​។ ក្បាច់គុន​នេះ​ទំនងជា​កកើតឡើង ដំណាលគ្នា​នឹង​ការកកើត​ទឹកដី​ខ្មែរ​ផងដែរ និង​បាន​បន្សល់ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​រហូតមកដល់​ពេលបច្ចុប្បន្ន​។​

​លោក​ហែម ចិ​ត្ត្រា ជា​គ្រូបង្ហាត់​នៅ​សាលា​គុន​ល្បុក្កតោ ព្រះខ័ន​ជ័យ​។ លោកគ្រូ​បាន​មានប្រសាសន៍ថា ក្បាច់គុន​ល្បុក្កតោ​ខ្មែរ គឺជា​ក្បាច់គុន​បុព្វបុរស​ខ្មែរ​គាត់​បាន​បង្កើតឡើង​តាំងពី​ការ​ករ​កើត​នូវ​ទឹកដី​ខ្មែរ​មក​ម្លេស​។ ក្បាច់គុន​បុរាណ​មួយ​នេះ គឺជា​ក្បាច់គុន​មួយ​ដ៏​ចំណាស់​តាំងពី​សម័យមុន​អង្គរ​។ បុព្វបុរស​ខ្មែរ​យើង​បានជ្រើសរើស​យក​ក្បាច់គុន​មួយ​នេះ​ដើម្បី​យកមក​កសាង ឬមួយ​ក៏​ការពារ​នូវ​ប្រទេសជាតិ ការពារ​ភូមិ​ស្រុក ការពារ​ពី​ការយាយី​ពីស​ត្រូវ​ផ្សេងៗ ការឈ្លានពាន​ទឹកដី​របស់​បុព្វបុរស​ខ្មែរ​យើង​។ បានជា​គេ​ចាត់ទុក​ក្បាច់គុន​ល្បុក្កតោ ជា​មេ​ក្បាច់គុន​នៃ​សិល្បៈ​គុណ​ខ្មែរ ដោយសារតែ​តាំងពី​សម័យ​បុ​រំ​បុរាណ​មក ក្បាច់គុន​ល្បុក្កតោ គឺជា​ក្បាច់គុន​តែមួយគត់​ដែល​កកើតឡើង​ដោយ​ស្នាដៃ​បុព្វបុរស​ខ្មែរ​ពី​ជំនាន់​ដើម ជា​ក្បាច់គុន​ចំណាស់ ក៏​ជា​ក្បាច់គុណ​ដ៏​សម្បូរបែប​ផងដែរ​។ មាន​ទាំង​ក្បាច់គុន​អាវុធ ក្បាច់គុន​ដៃ ក្បាច់គុន​គៀប ក្បាច់​ក្លេរ ក្បាច់​ដំបង លំពែង ខែល ផ្គាក់ មាន​គ្រប់បែបគ្រប់យ៉ាង​ដែល​សម្បូរបែប​។ ជាក់ស្តែង ក្បាច់គុន​ល្បុក្កតោ​មាន​មេគុណ​ធំៗ​ចំនួន​ច្រើន​។ បច្ចុប្បន្ននេះ ក្បាច់គុន​ល្បុក្កតោ​មានការ​វិវត្តន៍​នៃ​ប្រទេសជាតិ​យើង​។ អ៊ីញ្ចឹ​ង វា​បាន​បាត់បង់​នៃ​សម័យកាល​មួយ ក្បាច់គុន​ល្បុក្កតោ​ទើបតែ​ងើបឡើង​វិញ​។ ដោយ​ការ​ងើបឡើង​វិញ​នេះ បច្ចុប្បន្ន​យើង​មាន​៦​កម្រិត​នៃ​ការហាត់​ក្បាច់គុន​។ នៅក្នុង​កម្រិត​នីមួយៗ​យើង​មាន​ខ្ទង់​ជា​១២០ ទៅ​១៣០​ក្បាច់​ក្នុង​មួយកម្រិត​។ ភាព​សម្គាល់​ក្បាច់គុន​ល្បុក្កតោ​មាន​ភាព​ខុសពី​គេ​ដោយសារតែ​ក្បាច់​ទាំងអស់នេះ​យើង​អាច​ចាប់​ក្លេរ អាច​គៀប​ដៃ អាច​ចាប់​បោក​។ ហើយ​អ្វី​ជាពិសេស​របស់​ក្បាច់គុន​ល្បុក្កតោ គឺ​សំដៅ​ទៅលើ​ការប្រើប្រាស់​ដៃ​ជាពិសេស​។ ក្បាច់គុន​នេះ​ក៏មាន​ការប្រើប្រាស់​នូវ​អាវុធ​ដែរ ក៏ប៉ុន្តែ​យើង​ប្រើប្រាស់​ស្នៀត​ដៃ​ច្រើន​ពី​កម្រិត​ទី​១ ដល់​កម្រិត​ទី​៦​។​យើង​ប្រើ​ទ្វា​៨ មានន័យថា​ទ្វា​១ ដល់​ទ្វា​៨ យើង​អាច​ប្រើប្រាស់​ក្បាច់​ដោយ​ដៃ​។ នៅពេលដែល​ចូលទៅ​ដល់​ទ្វា​១២ ទើប​ចូលដល់​វគ្គ​ការប្រើប្រាស់​អាវុធ​។ ដូច្នេះ​ការប្រើប្រាស់​នូវ​ក្បាច់​ពិសេស​ជាដំបូង គឺមាន​ច្រើន​ដែល​យើង​មិនអាច​រៀបរាប់​អស់ រាល់​ក្បាច់​នីមួយៗ​សុទ្ធសឹងតែ​ជា​ក្បាច់​ពិសេស​។ ការហាត់​ក្បាច់គុន​ល្បុក្កតោ​នេះ គឺ​យើង​ប្រើ​ជា​លក្ខណៈ​គៀក ជិតស្និត​។ ប្រសិនជា​យើង​ចូលទៅ​ជិត ប្រាកដជា​ពុំ​អាច​គេ​បានទេ​។ ពីព្រោះ​ក្បាច់​នីមួយៗ​សុទ្ធសឹងតែ​ជា​ក្បាច់​អាច​សម្លាប់​មនុស្ស​បាន​។ ភាគច្រើន​នៃ​ក្បាច់គុន​ល្បុក្កតោ​គេ​ដំណាង​ឲ្យ​ខែល​ដែល​ពាក់​នៅ​នឹង​ដៃ គេ​ហៅថា​ខែល​ល្បុក្កតោ​។

​លោកគ្រូ​បាន​ថ្លែងថា ចំពោះ​អ្នក​ដែល​គាត់​បាន​ហាត់​នូវ​ក្បាច់គុន​មួយ​នេះ ទី​១ គឺ​ជួយ​ទៅដល់​សុខភាព​។ ទី​២ អាច​ការពារ​ខ្លួនឯង​។ ទី​៣ ជួយ​អភិរក្ស​នូវ​ក្បាច់គុន​បុរាណ​របស់​ខ្មែរ​យើង​។ ទី​៤ អាចជួយ​ការពារ​ប្រទេសជាតិ​។ ពីព្រោះ​បច្ចុប្បន្ននេះ ក្បាច់គុន​ល្បុក្កតោ​ត្រូវបាន​ដាក់បញ្ចូល​ទៅ​ឲ្យ​កងកំលាំងប្រដាប់អាវុធ ខេមរៈភូមិន្ទ​ទៅ​ឲ្យ​ពួកគាត់​ហាត់​ផងដែរ​។ ចំពោះ​ក្បាច់គុន​នេះ មនុស្ស​គ្រប់​វ័យ មិន​ថា​ជា​មនុស្ស​ប្រុស ឬមួយ​ក៏​ជា​មនុស្ស​ស្រី​នោះឡើយ សុទ្ធសឹងតែ​អាច​ហាត់​នូវ​ក្បាច់គុន​ល្បុក្កតោ​នេះ​បាន​ទាំងអស់​។ ចាប់ពី​អាយុ​៥​ឆ្នាំ​ឡើងទៅ​រហូត​ទៅដល់​អាយុ​៤០​ឆ្នាំ​ជាង ឲ្យ​តែ​ពួកគាត់​មាន​កំលាំង​មាំមួន​នៅក្នុង​ការហាត់​ពួកគាត់​អាច​ហាត់​បាន​ទាំងអស់​។​

​បច្ចុប្បន្ននេះ ក្បាច់គុន​ល្បុក្កតោ​ត្រូវបាន​ចូល​ជា​បញ្ជី​ថ្នាក់ជាតិ​។ ពីព្រោះ​គេ​បាន​បញ្ចូល​ក្បាច់គុន​ល្បុក្កតោ ទៅ​ឲ្យ​កងរាជអាវុធហត្ថ​ខេមរៈភូមិន្ទ​ទូទាំងប្រទេស​ដើម្បី​ចូលរួម​ហាត់ និង​កំពុងតែ​ដាក់​បន្ត​ដាក់ចូល​ជា​កម្មវិធី​កីឡា ដើម្បី​សិស្ស​និស្សិត​ទូទាំងប្រទេស ពួកគាត់​បាន​ចូលរួម​ហាត់​ផងដែរ​។ ឥលូវ​នេះ គឺ​កំពុងតែ​ដំណើរការ និង​រៀបចំ​។​

​លោកគ្រូ​បាន​បន្តថា កន្លងមកនេះ ក្បាច់គុន​ល្បុក្កតោ គឺ​បានបង្ហាញ​ទៅកាន់​ឆាក​អន្តរជាតិ​ជាច្រើន​។ ទី​១ បាន​ចូលរួម​ទៅ​កីឡា​ស៊ី​ហ្គេម ​នៅ​ប្រទេស​ហ្វីលីពីន​ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។ ទី​២ បាន​ត្រៀមខ្លួន​ដើម្បី​ចូលរួម​ស៊ី​ហ្គេម​នៅឯ​ប្រទេស​វៀតណាម​ផងដែរ​។ ក្រៅពី​កីឡា​ស៊ី​ហ្គេម​ក៏មាន​ជា​លក្ខណៈ​យុទ្ធ​សី​ល្ប៍​អន្តរជាតិ​នៅឯ​ប្រទេស​កូរ៉េ​។ ថ្មីៗ​នេះ​កម្ពុជា​ទើបតែ​ទទួលបាន​ពាន​ល្អ​ជាងគេ​នៅក្នុង​ចំណោម​ក្បាច់គុន​បុរាណ ដែល​ត្រូវបាន​ទទួលស្គាល់​ពី​ខាង​ប្រទេស​កូរ៉េ​។

​ចំពោះ​យុវជន​សម័យថ្មី​នៅ នៅក្នុង​ការហាត់​នូវ​ក្បាច់គុន​ល្បុក្កតោ​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់​មេន​ទែន​នៅក្នុង​ការហាត់​រៀន​នូវ​ក្បាច់គុន​ល្បុក្កតោ​មួយ​នេះ​។ ពីព្រោះ​ក្បាច់គុន​មួយ​នេះ គឺជា​ក្បាច់គុន​របស់​ខ្មែរ​យើង​។ ក្នុងនាម​យើង​ជា​កូន​ខ្មែរ យើង​គួរតែ​ចូលរួម​ដើម្បី​ថែរក្សា មរតក​វប្បធម៌​របស់​ក្បាច់គុន​បុរាណ​ខ្មែរ​ដ៏​ចំណាស់​មួយ​នេះ​ឲ្យ​មាន​ភាពល្បីល្បាញ ឲ្យ​ថិ​ត​ថេរ​គង់វង្ស​ជា​អមតៈ​។ ដើម្បី​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយៗ​បន្តទៅ​ថ្ងៃ​អនាគត​ទៀត គាត់​ទទួលស្គាល់ថា​ក្បាច់គុន​មួយ​នេះ គឺជា​ក្បាច់គុន​របស់​បុព្វបុរស​ខ្មែរ​យើង​ខិតខំ​ថែរក្សា​។ មកដល់​សម័យ​បច្ចុប្បន្ននេះ យើង​ត្រូវតែ​បន្ត​ខិតខំ​ថែរក្សា អភិវឌ្ឍ និង​អភិរក្ស​ជា​បន្តទៀត​។ ក្នុង​មាន​ជា​យុវជន យើង​ហាត់​ក្បាច់គុន​មួយ​នេះ មិន​ត្រឹមតែ​ថែរក្សា​នូវ​វប្បធម៌​ខ្មែរ​តែមួយ​ប៉ុន​ណ្ណោះ​ទេ យើង​ថែមទាំង​អាច​ថែរក្សា​នូវ​សុខភាព​របស់​ខ្លួនឯង​ឲ្យ​មាន​កំលាំងកាយ​មាំមួន ការពារ​ពី​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ និង​អាច​ការពារ​ខ្លួនឯង​ពី​ជន​អាក្រក់​ផ្សេងៗ​ដែលមាន​បំណង​យាយី​ធ្វើបាប​ខ្លួន យើង​ក៏​អាច​ការពារ​ខ្លួនឯង​ផងដែរ​។

​លោកគ្រូ​បាន​បន្ថែម​ផងដែរ​ថា ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ខាង​ក្បាច់គុន​ល្បុក្កតោ​គ្រោង​មាន​គំរោង​ធ្វើការ​ប្រកួត​គុន​ល្បុក្កតោ​ថ្នាក់ជាតិ​២០២១ នៅក្នុង​ចន្លោះ​ខែមករា ឆ្នាំ​២០២២​។ នឹង​ជ្រើសរើស​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ សម្រាប់​គុន​ល្បុក្កតោ​ខ្មែរ​។ ថ្មីៗ​នេះ​ក្រុម​ល្បុក្កតោ​ក៏បាន​ចូលរួម​នៅក្នុង​ការ​សម្ភោ​ធ​ស្តា​ត​ជាតិ​មរតក​តេ​ជោ​ថ្មី នៅ​ពហុ​កីឡា​ដ្ថា​ន​ជាតិ​មរតក​តេ​ជោ ព្រមទាំង​បានធ្វើ​ការសំដែង​ជាមួយនឹង​បទ​ភ្លេង​ថ្មី​ផងដែរ​។

​បើសិន​ជាមាន​សិស្ស ឬមួយ​ក៏​បងប្អូន​ប្រជាពលរដ្ឋ​ពួកគាត់​មាន​ចំណាប់អារម្មណ៍​នៅក្នុង​ការហាត់​នូវ​ក្បាច់គុន​ល្បុក្កតោ​មួយ​នេះ ពួកគាត់​អាច​ទំនាក់ទំនង​មកកាន់​ផេ​ក សាលា​គុន​ល្បុក្កតោ ព្រះខ័ន​ជ័យ។

​ជា​ចុងក្រោយ​លោកគ្រូ​មានមតិ និង​សំណូមពរ​ឲ្យ​មហាជន យុវវ័យ​ជំនាន់​ក្រោយ​ចូលរួម​ថែរក្សា​ក្បាច់គុន​បុរាណ​ខ្មែរ​មួយ​នេះ ព្រមទាំង​ចូលរួម​ហាត់​ទាំងអស់គ្នា​ក៏ដូចជា​ចូលរួម​ហាត់​ដើម្បី​សុខភាព​ខ្លួនឯង ដើម្បី​អភិរក្ស និង​ដើម្បី​ការពារ​ខ្លួន​។ លោកគ្រូ​យល់ថា​ក្បាច់គុន​ល្បុក្កតោ​ហ​ទៅ​ថ្ងៃ​អនាគត នឹង​រីក​សាយភាយ​ទៅ​ទូរ​ទាំង​ពិភពលោក​។ ពីព្រោះ​បច្ចុប្បន្ន​យើង​នឹង​កំពុង​ដាក់បញ្ចូល​ក្បាច់គុន​បុរាណ​ខ្មែរ​មួយ​នេះ​ទៅ​អង្គការ​យូ​ណេ​ស្ក ដែលជា​អង្គការ​មួយ​ទទួលស្គាល់ថា​ជា​ក្បាច់គុន​នៃ​មនុស្សជាតិ​។ ដូច្នេះ មិន​ថា​ជនជាតិ​ណា គឺអាច​ហាត់​បាន​ទូទាំង​ពិភពលោក​។ នៅ​ឆ្នាំក្រោយៗ​ទៀត​កម្ពុជា​នឹងមាន​ការប្រកួត​ដែលមាន​កម្ពុ​​ជា​ជា​ម្ចាស់ផ្ទះ​៕

ដោយ៖ ងឹ​ម ច័ន្ទ​លក្ខិណាhttps://www.popkhmerpost.com/km/bokator-is-considered-to-be-the-master-of-khmer-martial-arts/